ពិធី​ច្រត់​ព្រះនង្គ័ល ឆ្នាំនេះ​ពោត​និង​សណ្ដែក​បាន​ផល​ច្រើន តែ​ស្រូវ​បាន​តិច

ស្រូវ​ទទួល​បាន​ទិន្នផល​តិច​តួច​នៅ​ឆ្នាំ​នេះ។ ប៉ុន្ដែ​ទិន្នផល​ពោត​និង​សណ្តែក​នឹង​ទទួល​បាន​ផល​ច្រើន។ នេះ​បើតាម​ការ​គន់គូរ​រប​ស់​ព្រាហ្មណ៍​បារគូ។ គួរ​ជម្រាប​ជូន​ថា ការ​គន់គូរ​នេះ ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នា​ថ្ងៃ​ពុធ ទី៦ឧសភា​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​កីឡដ្ឋាន​ខេត្ត​បាត់​ដំបង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះ​មហាក្សត្រ។

10423957_593201574153581_2708401210211371193_n

ឃឹម ច័ន្ទសុអហំ រាយការណ៍៖

ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល ជា​និមិត្តរូប​នៃ​ការ​ផ្ដើម​ប្រកាស​រដូវ​កាល​បង្ក​បង្កើនផល​ថ្មី​របស់​ប្រជាកសិករ​ខ្មែរ។ តាមរយៈ​ការ​ផ្សង​ក្នុង​ចំណោម​អាហារ​៧​មុខផ្សេងៗ​គ្នា​រួម​​មាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង​ស្រា​ផង​នោះ​ឃើញថា គោ​ឧសភរាជ បាន​បរិភោគ​ពោត និង​សណ្ដែក​ច្រើនជាងគេ។ បើតាម​ការ​គន់គូរ​ទ​ស្សន៍​ទាយ​របស់​ព្រាហ្មណ៍​បារគូ ទំនាយ​ទាយ​ថា ទិន្នផល​កសិកម្ម​ឆ្នាំនេះ​នឹង​ទទួលបាន​ទិន្នផល​តិចតួច​បំផុត លើក​លែង​តែ​ពោត និង​សណ្ដែក​ប៉ុណ្ណោះ​ដែល​ទទួលបាន​ទិន្នផល​ច្រើន។

ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើង​នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ដែល​ជា​ទឹកដី​នៃ​ជង្រុក​ស្រូវ​កម្ពុជា។ នៅ​ក្នុង​ពិធី​នេះ គេ​ឃើញ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​មហាជន ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហមុនី។ ក៏​មាន​ផង​ដែរ​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​អង្គទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ជា​ការ​កត់​សម្គាល់ ក្នុង​ព្រះ​រាជពិធី​នេះ អាជ្ញាធរ​ក៏​បាន​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន​៥៣​ស្តង់។ ស្ដង់​ពិព័រណ៍​ទាំង​៥៣​ស្ដង់​នោះ មាន​ដាក់​តាំង​បង្ហាញ​កសិផល ស្រូវ អង្ករ ដំឡូង សិល្បៈ​ម្ហូប​អាហារ បង្អែម និង​រោងចក្រ​កែច្នៃ​ដំឡូង​ទៅ​ជា​ម្ស៉ៅ​មី។​ជា​ពិសេស​មាន​ការ​ដាក់​តាំង​រូបភាព​ផ្ទះ​បុរាណ វត្ត​បុរាណ ដែល​នៅ​សេសសល់​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ផងដែរ។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ លោក​អភិបាលខេត្ត​បាត់ដំបង ច័ន្ទ សុផល ត្រូវ​ដើរតួ​ធ្វើ​ជា​ស្ដេច​មាឃ តំណាង​ព្រះមហាក្សត្រ ហើយ​ភរិយា​របស់លោក ធ្វើ​ជា​មេ​ហួ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា តាំង​ពី​ដើម​រៀង​មក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​តែង​ប្រារព្ធ​ឡើង​នៅ​វាល​មេន (ទី​ព្រះ​ស្រែ​ព្រះមេរុ) ជាប់​ព្រះ​បរម​រាជ​វាំង ជា​រៀងរាល់ឆ្នាំ។ ដោយ​ឡែក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិធី​នេះ​បាន​បង្វែរ​ទៅ​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​វិញ។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ពិធី​ច្រត់​ព្រះនង្គ័ល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកណ្ដាល៕

សេដាក (CEDAC) ជ្រើសរើសកសិករឆ្នើមប្រចាំឆ្នាំ២០១៥

អង្គការសេដាកនឹងរៀបចំសិក្ខាសាលាស្ដីពី “ការប្រកួតប្រជែង ជ្រើសរើសកសិករឆ្នើម ក្នុងការអនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ” នៅថ្ងៃទី៣ ខែមិថុនា ខាងនេះ។ ដោយក្នុងនោះមានការចូលរួមពីកសិករប្រកួតប្រជែងចំនួន២៨នាក់ មកពី១០ខេត្តផ្សេងៗគ្នា។ ហើយកសិករឆ្នើម ដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានមេគោចំនួន៥ក្បាល។

Cambodge_riziere_432

ឃឹម ច័ន្ទសុអហំ ជូនសេចក្ដីរាយការណ៍៖
ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ អង្គការសេដាកតែងរៀបចំឲ្យមានរង្វាន់លើកទឹកចិត្ត ចំពោះកសិករឆ្នើម និងស្វែងរកកសិករគំរូ ដែលបានអនុវត្តបច្ចេកទេសធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្ម ស្របតាមគោលការណ៍ធម្មជាតិជារៀងរាល់ឆ្នាំ។ ដោយក្នុងនោះ ចំណាត់ថ្នាក់លេខ១ ទទួលបានមេគោចំនួន៥ក្បាល លេខ២ ទទួលបានមេគោ៤ក្បាល លេខ៣ ទទួលបានមេគោ៣ក្បាល លេខ៤ ទទួលបានមេគោ២ក្បាល និងលេខ៥ ទទួលបានមេគោ១ក្បាល។

សម្រាប់ឆ្នាំនេះ សេដាក ទទួលបានកសិករដែលចូលរួមប្រកូតប្រជែងចំនួន២១២នាក់ មកពី១០ខេត្ត និង៤៦ស្រុក។ ប៉ុន្ដែក្រោយពីឆ្លងកាត់ការវាយតម្លៃជ្រើសរើសជា៣ដំណាក់កាល នៅថ្នាក់ខេត្ត គឺមានកសិករចំនួនតែ២៨នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសយកមកប្រកួតប្រជែងជាកសិករឆ្នើមប្រចាំឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេដាក ចេញថ្ងៃទី២៨ឧសភា។
សូមបញ្ជាក់ថា ក្នុងចំណោមកសិករទាំង២៨នាក់នោះ មានតែកសិករ១០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបានជ្រើសរើសនៅក្នុងសិក្ខាសាលា ដែលនឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-ជប៉ុន ក្រុងភ្នំពេញ នាថ្ងៃទី៣មិថុនាខាងមុខនេះ ដើម្បីឈានទៅប្រកួតប្រជែង ដណ្ដើមតំណែងកសិករឆ្នើមប្រចាំឆ្នាំ។

គួររំលឹកជូនផងដែរថា សេដាក បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កសិករឆ្នើម តាំងពីឆ្នាំ២០១៣។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត យ៉ង់ សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍កសិកម្មកម្ពុជា។ លោកយ៉ង់ សាំងកុមារ ក៏មានប្រសាសន៍ប្រកបដោយសុទិដ្ឋិនិយមថា ការប្រកាសជ័យលាភីកសិករឆ្នើមប្រចាំឆ្នាំនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តដល់កសិករ ឲ្យចូលរួមអនុវត្ត ប្រព័ន្ធប្រពលវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ ឲ្យបានកាន់តែច្រើន ដើម្បីនិរន្ដរភាពនៃមុខរបរកសិកម្ម៕

ផ្តើម​ពី​ខ្ញុំ៖ «ទង់ជាតិខ្មែរ​ និង ចម្រៀងគោរពទង់​​ជាតិ​​»

ដោយ ឃឹម ចន្ទសុអហំ

ទំព័រ១៨-១៩-២០ © រក្សាសិទ្ធិដោយ ទស្សនាវដ្តីខ្ញុំ ឆ្នាំទី១ លេខ០២ ខែធ្នូ ឆ្នាំ២០១១

តម្លៃចំណេះដឹង

      ក្នុងសង្គមដែលប្រយុទ្ធដើម្បីការរស់រានមានជីវិត មនុស្សភាគច្រើនមិនបានគិតពី​សារៈសំខាន់​​នៃចំណេះដឹង ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេនោះឡើយ ហើយពីមួយ​​ពេល​ទៅ​មួយពេល ពួកគេតែង​និយាយ​​​ថា ការបំពេញក្រពះ គឺ​​សំខាន់​​​​​​​ជាង​​ចំណេះ​ដឹង។ ជាក់ស្ដែង​បច្ចុប្បន្ននេះ មនុស្សពុំបានមើលឃើញពីគុណតម្លៃ នៃចំណេះដឹងប៉ុន្មានឡើយ ព្រោះ​គេ​ ដូចជាឲ្យតម្លៃតែលើសម្ភារៈ លុយកាក់ បក្សពួក និងអំណាច សំខាន់ជាង​ចំណេះ​ដឹង និងអ្វី​ៗ​ទាំងអស់។ លើសពីនេះ មនុស្សភាគច្រើនតែងទាត់ចោលអ្នកមានចណេះដឹង ព្រោះ​ថា​ ក្នុង​កន្លែងធ្វើការមួយ ភាគច្រើនគេតែងជ្រើសរើសបក្សពួក ខ្សែស្រឡាយ គ្នីគ្នា​គេ​​ឲ្យធ្វើការជាង បើទោះជាអ្នកនោះពុំមានសមត្ថភាព ឬចំណេះដឹងពេញលេញក៏​ដោយ។​​ មួយវិញទៀត យើងអាចសង្កេតបានថា នៅក្នុងសម័យ​ខ្មែរក្រហម​ អ្នកមានចំណេះដឹង​គឺគ្មាន​​តម្លៃ​ទេ ហើយពួកខ្មែរក្រហម​​​​បាន​និយាយ​ដោយចំអកថា គេ​ចូល​ចិត្ត​​សញ្ញា​ឃើញ​ជាងសញ្ញាបត្រ (សញ្ញាបាត់)​។ ពួកគេ​ចង់ឲ្យន័យថា ការ​អនុវត្ត​​​​​ជាក់​​ស្ដែង ដូចជាការ​ធ្វើ​ស្រែចម្ការ លើកទំនប់ ជីកប្រឡាយ គឺសំខាន់ជាង​ចំណេះដឹង។ ដោយការយល់ឃើញបែប​នេះ ពួកគេបាន​សម្លាប់​បញ្ញវន្ត អ្នកចេះ​ដឹង និង​ប្រជាជន​​ដែលមាន​ការ​អប់រំអស់​ជាច្រើន។ ប៉ុន្ដែប្រភេទ​នៃ​តថភាព (សេចក្ដីពិត) ដែលគេ​លើក​​តម្កើង​នេះ មិនបាន​បញ្ជាក់​​​ឲ្យ​ឃើញថា មាន​មូលដ្ឋាន​សមហេតុផល​នោះឡើយ​ ហើយលទ្ធផល​នរក​អវចី ដែល​​​បាន​​ទទួល​​​ពីការ​អនុវត្ត​គំនិត​ជាក់​​​ស្ដែង តាមសញ្ញាឃើញ​នេះ បានធ្វើឲ្យ​ប្រជា​​​រាស្ត្រ​ខ្មែរ​​​​ជាងពីរ​លាននាក់ បានបាត់​បង់​ជីវិត និងប្រទេសជាតិធ្លាក់​ទៅ​ក្នុងភាពវិនាសកម្ម។

ក្នុងករណីនេះ​ ប្រសិន​បើគេ​ប្រើប្រាស់​​ចំណេះ​ដឹង និង​ចរិត​ជាបញ្ញវន្ត ឬឲ្យតម្លៃទៅ​លើ​ជនដែលមានចំណេះដឹង នោះគេប្រហែល​ជា​​​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​សម្រេច​​​ចិត្តបាន​ល្អ​​ប្រសើរ ជាងអ្វី​ដែល​​គេបានធ្វើកន្លងមក​ ហើយប្រទេសជាតិ ប្រាកដជាមានភាពចម្រើន​ជឿនលឿន ដូចប្រទេសដែលគេនិយមលើកតម្កើង អ្នកដែលមានចំណេះដឹងជាក់មិនខាន៕

ឃឹម ច័ន្ទសុអហំ

ប្រវតិ្ត​រូប​សង្ខេប កវី យិន លួត

លោក​ យិន លួត កើត​នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ នៅ​សំរោង​ចុង​កាល់ សៀមរាប​ ឧត្តរ​មាន​ជ័យ ជា​កូន​លោក យិន ឡែក និង​ នាង ភុំ ឌុំ។ លោក​បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពីសកល​វិទ្យា​ល័យ ស៊ី​អាតិល វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក និង ​បាន​ទទួល​មធ្យម​សិក្សាប័ត្រ​ផ្នែក​អក្សរសាស្រ្ត​ នៅ​ភ្នំពេញ កម្ពុជា។ លោក​ធ្លាប់​បាន​ទទួល​រង្វាន់​ ពីបណ្ណាល័យជាតិ​ផ្នែក​កំណាព្យ​ នៅសហរដ្ឋ​អាមេរិក។

ស្នាដៃ​ដែល​បាន​បោះ​ពុម្ព

-កំណាព្យ ដែន​ដីទឹកភ្នែក

-កំណាព្យ ស្រណោះ

-រឿង ពពករសាត់

-រឿង មរតកដួង​ចិត្ត

-រឿង ភ្លៀង​រលឹម

ស្នាដៃ​ដែលមិន​ទាន់​​បាន​បោះ​ពុម្ព

-រឿង អធិរាជសំឡេង​មាស

កុំជឿលើអ្វី ដោយគ្រាន់តែអ្នកបានឮ (កាលាមសូត្រ)

កុំជឿលើអ្វី ដោយគ្រាន់តែអ្នកបានឮ
កុំជឿតាមពាក្យបរម្បរា ដោយសារតែវាជាប្រពៃណី
ដែលគេឆ្លាប់ជឿរាប់តំណមកហើយ
[…]
កុំជឿលើអ្វី ដោយសារតែមានគេនិយាយច្រើន
និងជាពាក្យចចាមអារ៉ាមតៗគ្នា

កុំជឿលើអ្វី ដោយគ្រាន់តែឃើញថា មានសរសេរ
នៅក្នុងគម្ពីរសាសនារបស់អ្នក

កុំជឿលើអ្វី ដោយសារតែវាជាពាក្យប្រៀនប្រដៅ
របស់គ្រូអ្នក និងចាស់ទុំរបស់អ្នក

ប៉ុន្តែ ក្រោយពេលអ្នកបានសង្កេត និងវិភាគល្អិនល្អន់
និងនៅពេលអ្នកយល់ឃើញថា ធម៌ទាំងនោះ
សមស្របនឹងវិចារណញ្ញាណ និងដែលនាំមកនូវគុណប្រយោជន៍
ចំពោះមនុស្សទូទៅ ពេលនោះ សូមទទួលយក និងជឿតាមចុះ៕

កាលាមសូត្រ ព្រះសម្មាសម្ពុទ្ធ (ពុទ្ធភាសិត)

ឈើ

ឈើពុកត្រូវគេដុត

ឈើស្រកស្រុតឈើរបង

ឈើរស់គ្រោះកន្លង

ឈើសៅហ្មងសសរទ្រូង។

ឈើនេះសឹងតែអស់

ឈើកៀនកោះក្លាយជាធ្យូង

ឈើស្រស់ប្រែពុករូង

ឈើជាធ្យូងនៅដុតទៀត៕

ឃឹម ច័ន្ទ​សុអហំ

ភ្លៀង

តំណក់ទឹកភ្លៀង​លាង​រាត្រី

ស្រោច​ស្រព​ផែនដី​ងងឹត

ភ្លៀង​ធ្លាក់​ខ្យល់​បក់បង្កើត​ឫទ្ធិ

ព្យុះ​កាច​ជុំ​ជិត​អន្ធការ។

រាត្រី​សូន្យ​ស្ងាត់​សត្វ​ចំលែក

ភ្លៀង​គ្មានរ​អែងក្រែង​អាត្មា

បង្អុរ​ទម្លាក់​ធ្លាក់​កាយា

បង្អួត​ចេស្តា​សត្វ​រាត្រី។

ព្យុះ​ភ្លៀងបោក​បក់​តាម​អំណាច

រន្ទះ​ផ្គរ​កាច​សាច​សម្តី

បំប៉ោង​សំឡេង​ឥត​ក្រែង​អ្វី

ក្រោម​មេឃ​លើ​ដី​រាត្រី​ហ្នឹង៕

ឃឹម ច័ន្ទ​សុអហំ

ដកស្រង់ពី ក្រោមក្រោយនៃ សៀវភៅ ​«តំណក់ទឹក» ដោយព្រះភិក្ខុ ជិន មាស